កាលបរិច្ឆេទ: ៣០ វិច្ឆិកា ២០២៣ / ម្ហូបអាហារ
បោះពុម្ពផ្សាយដោយក្រសួងការបរទេសដើម្បីផ្សព្វផ្សាយពីវប្បធម៌នៃការចម្អិនម្ហូបរបស់ខ្មែរ សៀវភៅដែលមានចំណងជើងថា «The taste of Angkor» ទទួលបានជ័យលាភីសម្រាប់ពានរង្វាន់ «សៀវភៅធ្វើម្ហូបអាស៊ីល្អដាច់គេ» ក្នុងឱកាសប្រកួតប្រជែងដណ្តើមពានរង្វាន់ «Gourmands Awards » ដែលបានប្រព្រឹត្តទៅកាលពីចុងខែវិច្ឆិកា ក្នុងក្របខណ្ឌមួយសប្តាហ៍នៃការធ្វើម្ហូបពិភពលោក ដែលត្រូវបានរៀបចំឡើងនៅទីក្រុងប៉ារីស។
ពានរង្វាន់ Gourmand World Cookbook Awards ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ ដោយលោក Edouard Cointreau ក្នុងបំណងគាំទ្រវប្បធម៌នៃការចម្អិនម្ហូបនៅលើពិភពលោក។ ជារៀងរាល់ឆ្នាំ គណៈមេប្រយោគត្រូវជ្រើសរើសសៀវភៅធ្វើម្ហូប សៀវភៅនិយាយពីស្រា និងកម្មវិធីទូរទស្សន៍ស្តីពីការធ្វើម្ហូបណាដែលល្អដាច់គេ។ នៅឆ្នាំនេះ មានប្រទេស១៩៨ដែលបានចូលរួមប្រកួត ពោលគឺមានសៀវភៅធ្វើម្ហូបសរុបទាំងអស់៤០០០ក្បាល។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែតមកពីវិទ្យុបារាំងអន្តរជាតិជាភាសាខ្មែរនៅទីក្រុងប៉ារីស លោកកេត សោផាន់ ឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសបារាំង បានសម្តែងពីមោទកភាពរបស់ប្រជាជនខ្មែរចំពោះដំណឹងដ៏ល្អនេះ។ លោកឯកអគ្គរាជទូតមានប្រសាសន៍គូសបញ្ជាក់ថា៖ «ពានរង្វាន់នេះគឺជាការឆ្លុះបញ្ចាំងពីការទទួលស្គាល់ពីភាពអស្ចារ្យនៃអរិយធម៌ដ៏ចំណាស់របស់ខ្មែរយើង ហើយប្រជាជនខ្មែរទាំងមូលគួរតែមានមោទកភាពចំពោះរឿងនេះ។ សៀវភៅធ្វើម្ហូបមួយនេះគឺជាយុទ្ធសាស្រ្តរបស់ក្រសួងការបរទសកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រាក់ សាខន និងក្រសួងការបរទេស ក្នុងការចូលរួមចំណែកលើកស្ទួយវប្បធម៌យើង និងជាឱកាសសម្រាប់ផ្តោះប្តូរវប្បធម៌គ្នាទៅវិញទៅមកជាមួយបណ្តាប្រទេសដទៃទៀត ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ និងពាណិជ្ជកម្មផងដែរ»។ មន្រ្តីការទូតខ្មែរប្រចាំនៅទីក្រុងប៉ារីសនឹងលើកទឹកចិត្តម្ចាស់ភោជនីយដ្ឋានខ្មែរនៅប្រទេសបារាំងឲ្យបញ្ចូលមុខម្ហូបមួយចំនួននៅក្នុងសៀវភៅនេះទៅក្នុងតារាងមុខម្ហូបរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរ ក្រោមគំនិតផ្តួចផ្តើមរបស់ស្ថានទូតខ្មែរ សមាគមលើកកម្ពស់ស្ករត្នោតខេត្តកំពង់ស្ពឺបានដាក់ស្តង់មួយនៅក្នុងឱកាសមួយសប្តាហ៍នៃការធ្វើម្ហូបពិភពលោក ដើម្បីតាំងពិព័ណ៌ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល។ នៅក្នុងឱកាសនោះដែរ លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុនខនហ្វីរេល ធ្វើជាតំណាងឲ្យសមាគមក្នុងនាមជាប្រធានកិត្តិយស៕